ធ្លាក់ស?

សុខភាពបន្តពូជរបស់ស្ត្រីជារឿងដ៏សំខាន់ ដែលទាម​ទារការយកចិត្តទុកដាក់ដិតដល់។ ប្រសិនបើនិយាយពី ធ្លាក់ស ស្ត្រីៗមួយចំនួនប្រាកដជាបា​នស្គាល់យ៉ាងជាក់ប្រាកដណាស់ថាវាជារឿងធម្មតារបស់ស្ត្រី ក៏ប៉ុន្តែពាក្យ ធ្លាក់ស នេះ នៅតែមានមជ្ឈដ្ឋានខ្លះ ស្គាល់តែក្នុងន័យជម្ងឺ ក្នុងន័យជម្ងឺដែលជាភាពមិនប្រក្រតី​នៃសុខភាពបន្តពូជរបស់ស្ត្រី។

ដូច្នេះហើយទើប Green Lady​ មានគំនិតសរសេរលើបណ្តាញសង្គមឱ្យមិត្តនារីៗ បងៗ និងប្អូនៗ ក៏ដូចជាបងប្អូនទូទៅតែម្តងបានដឹងជាចំណេះដឹងទូទៅ។​ ជាពិសេសគឺបានពន្យល់ទៅក្មេងៗស្រីៗដែលនេះចាត់ទុកថាជារឿងសំខាន់ណាស់សម្រាប់ឱ្យពួកគាត់បានដឹង។ សូមអ្នកម្តាយ បងស្រី ម្តាយមីងលោកយាយ ឬបងប្អូនគ្រួសារ អាចពន្យល់ នឹងបើកនិយាយ ពន្យល់ក្មេងស្រីៗឱ្យបានយល់ ដើម្បីការយល់ដឹង និងសុខភាពពួកគាត់ផ្ទាល់។

            យើងអាចបែងចែកការធ្លាក់សជាពីរប្រភេទ គឺការធ្លាក់សប្រក្រតី និង ការធ្លាក់សមិនប្រក្រតី (ដែលអាចសម្គាល់បានតាមក្លិន និងពណ៍ខុសពីធម្មតា)។ មុននឹងឈានដល់ការសម្គាល់លក្ខណៈសទាំងពីរប្រភេទ យើងគប្បីយល់ថាអ្វីទៅជា"ស" ដែលជាភាសាអង់គ្លេស “vaginal discharge

ធ្លាក់ស ជាសារធាតុរំអិល​ដែលចេញតាមទ្វារមាស ក្មេងស្រីចាប់ផ្តើមមាន ៦ខែ ឬ១ឆ្នាំ មុនក្មេងស្រីមករដូវដំបូង។ ខ្លួនប្រាណរបស់យើង និងបន្តផលិត "ស" នេះចាប់ពីពេលមានរដូវមករហូតដល់ពេលស្ត្រីអស់រដូវ (menopause)ដែលពេលនោះសត្រូវបានផលិតតិចជាងមុន។ "សគឺជាល្បាយនៃកោសិកាងាប់ខាងក្នុងទ្វារមាស បាក់តេរីមានប្រយោជន៍ និងទឹករអិលស្បូនដែលត្រូវការចេញមកក្រៅជាដំណើរ  ធម្មជាតិរបស់ស្រ្តី។ វាអាចមានសណ្ឋាន ពណ៍ និង ក្លិនខុសគ្នា ហើយអាចឱ្យយើងដឹងពីសុខភាព នឹងដំណើរវដ្តរដូវរបស់យើង។

រូបទាំង៤នេះបង្ហាញពីសណ្ឋានប្រក្រតីរបស់ទឹករអិល​ ឬ ស។​ រូបទី១ វាមានពណ៌ស នឹងរាងស្អិតៗខ្លាំងពេលដែលមុនពេលមករដូវ។ រូបទី២ ពណ៌សលឿងតិចៗខាប់បន្ទាប់ពីពេលពងទុំ។ រូបទី៣ រាវដូចទឹកបន្ទាប់ពីធ្លាក់ឈាមរដូវ។ រូបទី៤ អន្លាយថ្លាពេលពងទុំ។

មុខងាររបស់"ស"គឺ​​ ជួយផ្ដល់សំណើម សម្អាតទ្វារមាស​ និង ការពារការឆ្លងមេរោគផ្សេងៗ។ "ស"ធម្មតាអាចមានលក្ខណៈខាប់តិចៗ ស្អិត អន្ធិលៗ​​ និង​ ថ្លា ឬ ពណ៍ស​ ឬ សស្រអាប់បន្តិច (off-white)។ ការប្រែប្រួលបរិមាណ​ និងសភាព​ ជារឿងធម្មតាទៅតាមពេលវេលាជាក់លាក់នៃវដ្តរដូវរបស់ស្ត្រី។ "ស"អាចមានបរិមាណច្រើនជាងធម្មតានៅពេល អូវុល (ពង)ទុំ (ovulation) ពេលមានអារម្មណ៍ផ្លូវភេទ ពេលបំបៅដោះកូនជាដើម ហើយក៏អាចមានក្លិនប្លែកពេលស្រ្តីមានផ្ទៃពោះផងដែរ។

ការធ្លាក់សមិនប្រក្រតី

ការធ្លាក់សជារឿងធម្មតា ក៏ប៉ុន្តែករណីមួយចំនួនដែល"ស"បញ្ជាក់ពីបញ្ហាសុខភាពមិនប្រក្រតី ហើយតម្រូវអោយមានការកត់សម្គាល់ដោយខ្លួនឯង៖

១​. ការប្រែប្រួលក្លិនខុសពីធម្មតា​​ (ក្លិនអាក្រក់ ក្លិនឆ្អាបប្លែក)

២. ការប្រែប្រួលពណ៍ខុសពីធម្មតា (ជាពិសេសពណ៍បៃតង ប្រផេះ ឬ មានពណ៍ដូចខ្ទុះ)

៣. ការប្រែប្រួលពណ៍សភាព​(texture)ខុសពីធម្មតា (មានពពុះ​ ឬ ខាប់អន្ធិលស្អិតដូចហ្រ្វូម៉ា cottage cheese)

៤. ទ្វារមាសមានការរមាស់ ក្រហាយ ហើម​ ឬ ឡើងក្រហម

៥​. មានការធ្លាក់ឈាម ធ្លាក់សលាយឈាមតិចៗ (spotting) ​​(ខុសពីកំឡុងពេលមានរដូវ ក្រោយអស់រដូវបន្តិច ឬ​ ក្រោយពេលសម្រាលកូនហើយ)។

មូលហេតុដែលបណ្ដាលអោយមានការធ្លាក់សមិនប្រក្រតី

១. ការកើតរោគផ្សិត (yeast infection/candidiasis)

ការកើតរោគផ្សិតជាការឆ្លងរោគនៅទ្វារមាសដែលកើតមានញឹកញាប់។​ មេរោគផ្សិតដែលបង្ករោគគឺពួកផ្សិត candidaដែល 90% នៃករណីគឺបង្កដោយ candida​ albicans។​ ទ្វារមាសរបស់ស្រ្តីមានបាក់តេរី​ និង ផ្សិតមានប្រយោជន៍ខ្លះដែលមានតូនាទីថែរក្សាទ្វារមាសឱ្យមានសុខភាពល្អ។​ វត្តមានផ្សិត candida នៅទ្វារមាសជារឿងធម្មតា។ បាក់តេរីមានប្រយោជន៍ដ៏សំខាន់របស់ទ្វារមាសឈ្មោះថា lactobaccillis ជាអ្នកធានាថាផ្សិត candida មិនបង្កើតកូនចៅលើសកម្រិត ប៉ុន្តែកាលណាមានអតុល្យភាពរវាងបាក់តេរីមានប្រយោជន៍ និងបាក់តេរីបង្កជម្ងឺ បាក់តេរីបង្កជម្ងឺអាចបង្កើនចំនួនដែលបង្កអោយទ្វារមាសមានការរមាស់ ក្រហាយ ហើម​ ឬ ឡើងក្រហម។

រោគផ្សិតនេះ (yeast infection)​ មិនមែនជាជម្ងឺដែលឆ្លងតាមការរួមភេទទេ ទោះបីជាការរួមភេទអាចបណ្តាលអោយជម្ងឺរីករាលដាលបាន។ ​ស្រ្តីដែលមិនធ្លាប់រួមភេទក៏អាចកើតមានជម្ងឺនេះបានដែរ។

អ្នកអាចសង្ស័យថាអ្នកកើតមេរោគផ្សិតនេះ ប្រសិនបើអ្នកមានរោគសញ្ញាដូចខាងក្រោម៖

មានធ្លាក់សដែលមាន ពណ៏សប្រផេះ សភាពខាប់ស្អិតដូចហ្រ្វូម៉ា(cottage cheese) ឬ សភាពរាវដូចទឹក​ហើយគ្មានក្លិន។ទ្វារមាសមានការរមាស់ ក្រហាយ ហើម​ ឬ ឡើងក្រហមមានការឈឺចាប់នៅទ្វារមាស​ ឡើងកន្ទួលក្រហមនៅទ្វារមាសមានអការៈក្រហាយ នៅពេលបត់ជើងតូច ឬ ពេលរួមភេទ​ ល។

មូលហេតុដែលបណ្ដាលអោយកើតមានរោគផ្សិតនេះមានដូចជា៖

ស្រ្តីដែលមានផ្ទៃពោះ ស្ត្រីដែលប្រើប្រាស់ថ្នាំពន្យារកំណើតប្រភេទអរម៉ូនកំពុងប្រើប្រាស់ ឬ មានប្រើប្រាស់ឱសថប្រឆាំងបាក់តេរី antibiotics (ប្រជាជនខ្មែរនិយមហៅថា ថ្នាំផ្សះ) ក្នុងពេលថ្មីៗមានជម្ងឺទឹកនោមផ្អែមមានប្រពន្ធ័ការពាររាងកាយចុះខ្សោយ (ករណីមានផ្ទុកមេរោគអេដស៍ ឬ ប្រើប្រាស់ឱសថដែលធ្វើអោយប្រពន្ធ័ការពាររាងកាយចុះខ្សោយដូចជា steroids និង​ការព្យាបាលជម្ងឺមហារីក chemotherapy

ការព្យាបាល៖ ប្រសិនបើអ្នកសង្ស័យថាអ្នកកើតជម្ងឺផ្សិត និងមានអាការៈដូចរៀបរាប់លើសពី៣ថ្ងៃអ្នកគួរទៅជួបគ្រូពេទ្យជំនាញ​។​ សូមកុំមានការខ្មាសអៀន អ្នកគួរយកឈ្នះភាពខ្មាសអៀននេះដើម្បីសុខភាពអ្នក ។

ដើម្បីការពារកុំអោយកើតជម្ងឺផ្សិត អ្នកគប្បី៖

បរិភោគអាហារដែលមានតុល្យភាព សម្រាកអោយបានគ្រប់គ្រាន់។ ចៀសវាងអាហារមានប្រភពមិនល្អ អាហារខ្ចប់ទុក ប្រៃ ឬ ផ្អែមជ្រុស មានសារធាតុរក្សាទុក ពណ៌ នឹងសារធាតុគីមីក្លិនផ្សេងៗ។ អ្នកគួរព្យាយាមអស់ពីសមត្ថភាពក្នុងការរកបរិភោគអាហារធម្មជាតិ អ្នកត្រូវចាំថាអ្នកគឺជាអ្វីដែលអ្នកបរិភោគ។អនាម័យខ្លួនប្រាណអោយបានស្អាត​​ (ទាំងកំឡុងពេលមានរដូវ​​ និងពេលធម្មតា) ប៉ុន្តែចៀសវាងការប្រើផលិតផលអនាម័យស្រ្តីច្រើនហួស និង​សាប៊ូដែលមានក្លិនក្រអូបជ្រុល។ ក្លិនក្រអូបគឺភាគច្រើនមកពីសារធាតុគីមី។ បើសិនជាអ្នកអាច អ្នកគួរចាប់ផ្តើមប្រើផលិតផលធម្មជាតិជាជាងប្រើផលិតផលមានសារជាតិគីមីច្រើន។ ផលិតផលធម្មជាតិងាយស្រួលរក និងអាចធ្វើដោយខ្លួនឯងបានទៀត។ អ្នកអាចរកវាបាននៅហាងដែលលក់របស់ធម្មជាតិ ដូចជា Eco Life Cambodia, Dai Khmer,​ or Amazing Cambodia។ប្រើប្រាស់ខោទ្រនាប់ ដែលត្រូវទំហំល្អ មិនមែនរឹបពេក ក្រណាត់អនាម័យស្អាត និងស្ងួតល្អ។មិនស្លៀកពាក់សម្លៀកបំពាក់ដែលតឹងពេក ឬ ស្ថិតក្នុងសម្លៀកបំពាក់ដែលសើមយូរ។ចៀសវាងការប្រើប្រាស់ប្រើប្រាស់ឱសថប្រឆាំងបាក់តេរី antibiotics ខុសពីវេជ្ជបញ្ជា ឬ ប្រើប្រាស់ក្នុងករណីមិនចាំបាច់ (ដោយសារអាចបណ្តាលអោយមានអតុល្យភាពរវាងបាក់តេរីមានប្រយោជន៍និងបាក់តេរីបង្កជម្ងឺ)។

. ការបង្ករោគដោយបាក់តេរី

ការបង្ករោគដោយបាក់តេរីនៅទ្វារមាសជា បញ្ហាដែលកើតមានឡើងដោយសារ​កាលណាមានអតុល្យ-ភាពរវាងបាកតេរីមានប្រយោជន៍និងបាក់តេរីបង្កជម្ងឺ ដូចនឹងការបង្ករោគផ្សិតដែរ ប៉ុន្តែខុសគ្នាត្រង់ភ្នាក់ងារបង្ករោគជាបាក់តេរី​ មិនមែនជាផ្សិត។ បាក់តេរីដែលបង្ករោគក៏មានច្រើនប្រភេទផងដែរ។​ ដូចគ្នាទៅនឹង ការបង្ករោគផ្សិតដែរ នេះមិនមែនជាជម្ងឺដែលឆ្លងតាមការរួមភេទ Sexually transmitted diseases (STDs) ទេ។

សរសេរដោយ Tan Muyteang> ត្រួតពិនិត្យដោយ វេជ្ជបណ្ឌិត Ky Sovathana

Previous
Previous

ពណ៌ឈាមរដូវ៖ ជាពិេសសឈាមពណ៌ខ្មៅស្អិត មេចបានវាក្លាយជាខ្មៅចឹង? Why is period blood sometimes black?

Next
Next

First Classroom in Kampong Thom