ក្មេងស្រីមករដូវលឿន តើឪពុកម្តាយអាចជួយគាត់បានដូចមេ្តចខ្លះ?

ចាស់ៗពីមុនជឿថា "មករដូវមានន័យថា កូនស្រីពេញវ័យហើយ"។

ពេញវ័យហ្នឹង មានន័យច្រើន៖

១. កូនស្រីអាចរកគូរ រៀបការតាមប្រពៃណីបានហើយ។

២. កូនស្រីអាចមានលទ្ធភាពក្នុងការបង្កើតកូនបាន។

៣. កូនស្រី​មានចរឹកចាស់ទុំ និងអាចមើលថែរក្សាផ្ទះសំបែង និងមានគ្រួសារបានហើយ។

ទើបចាស់ៗខំធ្វើពិធី ឱ្យអ្នកជិតខាងដឹងថា កូនស្រីគាត់ពេញវ័យហើយ អ្នកមានកូនប្រុស អាចចូលដណ្តឹងកូនស្រីបាន។

មើលមកបច្ចុប្បន្ន មានគ្រួសារខ្លះ នៅធ្វើពិធីខួបកំណើត ១៨ឆ្នាំ ធំដុំឱ្យកូនស្រីគាត់។ តាមហេតុផលដែលខ្ញុំគិត ១៨ឆ្នាំហ្នឹង ខ្ញុំគិតថាអាចមកពី​ចំណាំ តាមទំនៀមទម្លាប់ចាស់បុរាណ។ កាលពីមុន ប្រហែលថា៥០ឆ្នាំមុនចុះ មនុស្សស្រីយ៉ាងហោចណាស់ ក៏១៨ឆ្នាំដែរ ល្មមតែគាត់មករដូវ ហើយពេលមករដូវហ្នឹង ទើបចាស់ៗគាត់ធ្វើពិធីចូលម្លប់ឱ្យ។

តាមវិទ្យាសាស្រ្តអត់ខុសទេ ដែលពេលក្មេងស្រីមានរដូវ អាចមានន័យថា សុខភាពបន្តពូជរបស់ក្មេងស្រីនោះលូតលាស់ និងត្រៀមខ្លួនអាចបង្កកំណើតបាន។ ប៉ុន្តែមិនបានន័យថា រាងកាយគាត់រឹងមាំអាចពរពោះ និងបង្កើតកូនតែម្តងបាននោះទេ។ មានប្រភពខ្លះនិយាយថា មនុស្សស្រីវ័យ ២៥ ទៅទើបរាងកាយគាត់អាចរឹងមាំគ្រប់គ្រាន់ក្នុងការបង្កកំណើត។

ក្នុងអត្ថបទនេះ ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា ហេតុផលខាងលើទាំង ៣ ប្រែប្រួលហើយ ព្រោះក្មេងស្រីឥឡូវអាចមករដូវដំបូងអាយុ ៩ឆ្នាំក៏មានដែរ។ ចឹងគាត់អាចចាប់ផ្តើមមានបំលាស់ប្តូររាងកាយតាំងពីអាយុ ៧ ទៅ ៨ ឆ្នាំ។ ស្រមៃមើលថាតើវាអាចលំបាកសម្រាប់អ្នកណាគេខ្លះ?

អាយុ៩ឆ្នាំមករដូវ គាត់នៅមិនទាន់នឹងយល់ពី រាងកាយគាត់ច្បាស់លាស់ផង គាត់មករដូវបាត់ទៅហើយ។ តើវាគួរឱ្យព្រួយបារម្ភឬទេ? តើយើងជាឪពុកម្តាយ ឬ សមាជិកគ្រួសារអាចធ្វើអ្វីដើម្បីជួយគាត់បាន?

តាមប្រភពនៃការអប់រំទាក់ទងនឹង ការអប់រំសុខភាពផ្លូវភេទគ្រប់ជ្រុងជ្រោយ International technical guidance on sexuality education អាចរៀនបានទាំងពីអាយុ ៥ ឆ្នាំទៅ។ ប្រធានបទទាក់ទង នឹងសុខភាពបន្តពូជគឺមានរាប់បញ្ចូលទាំងទំនាក់ទំនងប្រចាំថ្ងៃ នឹងអ្វីដែលក្មេងអាយុ ៥ ឆ្នាំអាចរៀនបានគឺ ទំនាក់ទំនងគ្រួសារមិត្តភាព និងជំនាញជីវិតប្រចាំថ្ងៃផ្សេងៗទៀត។ តាមប្រភពការសង្កេតបង្រៀនមួយចំនួន គេឃើញក្មេងៗចាប់ផ្តើមឆ្ងល់ និងមានសំណួរពី ការមានផ្ទៃពោះ ទារក កូនភ្លោះ និង​ ឧ. អ្វីដែលគាត់អាចឃើញម្តាយគាត់ប្រើប្រាស់ជាដើម ពេលគាត់អាយុប្រហែល ៩ ទៅ ១១ឆ្នាំទៅ។ ហើយពេលទាំងអស់នេះ សុទ្ធតែជាពេលសំខាន់ដែលយើងអាចរៀនផ្តល់ចម្លើយដែលសាកសមទៅនិងវ័យរបស់គាត់ឱ្យគាត់បានរៀនមានទំនាក់ទំនងទៅនឹងអ្វីៗដែលនៅជុំវិញខ្លួនគាត់។ ដល់ពេលដែលមានការផ្លាស់ប្តូររាងកាយដែលគួរឱ្យកត់សម្គាល់ គាត់នឹងរៀនក្នុងការបង្ហាញ និងព្យាយាមប្រាប់យើងពីការប្រែប្រួលទាំងនោះដែលអាចជួយគាត់ឱ្យមានអារម្មណ៍ថាគាត់ទទួលបានការយកចិត្តទុកដាក់ និងគាំទ្រផ្លូវចិត្តពីក្រុមគ្រួសារ។

រឿងសុខភាពបន្តពូជ ជារឿងផ្ទាល់ខ្លួន មិនមែនយើងអាចនិយាយពីអារម្មណ៍ និងតម្រូវការលើរឿងសុខភាពបន្តពូជ ប្រាប់មនុស្សគ្រប់គ្នា ពេលណាមួយក៏បាននោះឡើយ។ ពេលខ្លះវាអាចបង្កភាពភ័យខ្លាច ព្រោះតែមិនបានយល់ពីធម្មជាតិរាងកាយ ការយល់ច្រលំ និងមិនបានត្រៀមខ្លួនបានជាមុន។ ចឹងការរៀនម្តងបន្តិចៗពីក្មេងនេះហើយ ជាអ្វីដែលជួយគាត់ឱ្យគាត់បានត្រៀមខ្លួន។

មេចបានក្មេងស្រីឥឡូវមករដូវអាយុក្មេងៗមេស?

មានកត្តារួមផ្សំ និងស្មុកស្មាញ ដែលមានអ្នកស្រាវជ្រាវកំពុងតបន្តធ្វើការសិក្សា។ ក្នុងនោះ ការមករដូវលឿនទាក់ទងច្រើននឹង ការកើនឡើងនូវអ័រម៉ូន អេសត្រូវជេនច្រើនមុនពេល ដែលជាអ័រម៉ូនសំខាន់របស់មនុស្សស្រី។

ការប្រែប្រួលនូវចំណីអាហារដែលយើងបរិភោគ។ យើងក៏ដឹងថាចំណីអាហារសម័យឥឡូវ សុទ្ធតែមានលួចបញ្ចូលសារជាតិអ័រម៉ូន។ អាចមកពីសម្ភារៈដែលយើងប្រើប្រាស់ដូចជា ដប ឬ វត្ថុដែលមានជាតិប្លាស្ទិក ដែលពេលមានការប្រើប្រាស់មិនប្រុងប្រយត្ន័ អាចធ្វើឱ្យសារជាតិគីមីចូលក្នុងខ្លួន និងទៅរំខានការផលិតរបស់រាងកាយយើងក៏មាន។ អាចផងដែរមកពីផ្លូវចិត្ត និងការលូតលាស់របស់ខួរក្បាល ព្រោះខួរក្បាលដើរតួសំខាន់ក្នុងសុខភាពបន្តពូជរបស់យើង។

ក្មេងស្រីមករដូវក្មេងពេក ក៏ជួបប្រទះ នឹងការមករដូវរអាក់រអួលផងដែរ រហូតទាល់តែពេលមួយដែលអ័រម៉ូន នឹងរាងកាយគាត់លូតលាស់មានតុល្យភាពជាងមុន ទើបរដូវគាត់អាចផ្លាស់ប្តូរមកទៀង និងល្អជាងមុន។

Previous
Previous

Why woman has period?

Next
Next

Blog Post Title Four